Marcelo អាចនឹងទៅលេងឲ្យក្លិបមួយនេះវិញ ពេលផុតកុងត្រានៅ R.Madrid

បរទេស៖ យោងតាមកាសែត Lance បានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេង Marcelo អាចនឹងត្រលប់ទៅលេងនៅប្រទេសប្រេស៊ីល ដែលជាទឹកដីកំណើតរបស់គាត់វិញ នៅពេលកុងត្រាជាមួយក្លិបអធិរាជស Real Madrid ត្រូវបានបញ្ចប់ ដោយកុងត្រាបច្ចុប្បន្នមានសុពលភាពត្រឹមខែមិថុនា ឆ្នាំ២០២២។
Marcelo
ទោះជាយ៉ាងណា Marcelo នៅតែអាចបន្ដកុងត្រាថ្មីជាមួយ Real Madrid ជាក្លិបបានមកប្រកបអាជីពតាំងពីឆ្នាំ២០០៦ ស្របពេលមានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា ពេលវេលារបស់គាត់នៅទីនេះ ឈានដល់ទីបញ្ចប់ហើយ។ ហើយជម្រើសដ៏ល្អបំផុតរបស់ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះ គឺអាចត្រលប់ទៅលេងនៅប្រទេសកំណើតវិញ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនៃអាជីព។ ខណៈដែលមិត្ដភក្ដិរបស់ Marcelo បានបង្ហើបប្រាប់ប្រភពខាងលើដែរថា គោលដៅរបស់គាត់ គឺទៅលេងឲ្យក្លិប Fluminense ដែលជាអតីតក្លិបធ្លាប់ប្រកបអាជីព មុនមកចូលរួម Real Madrid។
Marcelo
គួរឲ្យដឹងដែរថា Marcelo បានរួមរស់ជាមួយ Real Madrid អស់រយៈពេល ១៦រដូវកាលហើយ ដោយបានលេងក្នុងការប្រកួតផ្លូវការចំនួន ៥២៩ប្រកួត អាចរកគ្រាប់បាល់បាន ៣៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមចំនួន ៩១លើក៕
Marcelo