ចាប់បានសញ្ញារលកវិទ្យុដ៏ចម្លែក ចេញពីចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ ធ្វើឲ្យអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល

អូស្ត្រាលី៖ អ្នកជំនាញខាងផ្នែកអវកាសបានរកឃើញរលកវិទ្យុខុសពីធម្មតា ដែលចេញពីចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ។ សញ្ញាថាមពលនេះគឺមិនដូចបាតុភូតដទៃទៀតដែលបានសិក្សាពីមុន ហើយអាចបង្ហាញពីអង្គតារាដែលមិនធ្លាប់ស្គាល់ពីមុន នេះបើយោងតាមការសិក្សាថ្មីមួយ។ ពន្លឺរបស់អង្គនេះមានភាពខុសប្លែកពីគ្នាយ៉ាងខ្លាំង ហើយសញ្ញាបានលោតឡើងម្ដងមានម្ដងអត់ ដោយចៃដន្យ នេះបើតាមសម្ដីរបស់លោក Ziteng Wang អ្នកដឹកនាំការស្រាវជ្រាវថ្មី។ ដំបូងឡើយ ក្រុមការងារបានគិតថា​ វាអាចជា pulsar ដែលជាប្រភេទផ្កាយណឺត្រុងដែលងាប់យ៉ាងរហ័សដ៏ហាប់ណែន ឬជាប្រភេទផ្កាយដែលបញ្ចេញអណ្ដាតភ្លើងធំៗ។ ទោះជាយ៉ាងណា សញ្ញាពីប្រភពរលកវិទ្យុថ្មីនេះមិនត្រូវគ្នានឹងអ្វី ដែលតារាវិទូរំពឹងពីប្រភេទផ្កាយទាំងនេះឡើយ។ អង្គប្រែប្រួលនេះត្រូវបានគេដាក់ឈ្មោះ តាមកូអរដោនេះនៅលើផ្ទៃមេឃនៅពេលយប់ ដោយត្រូវបានគេហៅថា ASKAP J173608.2-321635។ ដំបូងឡើយ អង្គនេះត្រូវបានគេប្រទះឃើញក្នុងកំឡុងពេលធ្វើការអង្កេតនៅលើផ្ទៃមេឃ ដោយប្រើតេឡេទស្សន៍វិទ្យុ Australian Square Kilometre Array Pathfinder ដែលមានចានផ្កាយរណបចំនួន៣៦ ដែលធ្វើការរួមគ្នាធ្វើជាតេឡេទស្សន៍តែមួយ នៅមន្ទីរអង្កេតតារាសាស្ត្រ Murchison Radio-astronomy Observatory នៅភាគខាងលិចប្រទេសអូស្ត្រាលី។ ការអង្កេតជាបន្តបន្ទាប់ត្រូវបានធ្វើឡើង ជាមួយតេឡេទស្សន៍វិទ្យុ Parkes ក្នុងរដ្ឋ New South Wales និងតេឡទស្សន៍ MeerKAT របស់មន្ទីរអង្កេតតារាសាស្ត្រ South African Radio Astronomy Observatory៕
តេឡេទស្សន៍វិទ្យុ
ប្រភព: CNN