តារាកំប្លែងជើងចាស់ តា ពុយហ្សូ ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ពេលនេះស្ថិតក្នុងការសង្គ្រោះបន្ទាន់

រាជធានីភ្នំពេញ៖ ពិតជាគួរឱ្យសង្វែកណាស់ ដោយពេលនេះ តារាកំប្លែងជើងចាស់ លោក ស៊ូ សាវ៉ាង ហៅតា ពុយហ្សូ វ័យជិត៨០ឆ្នាំ បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរសារជាថ្មី និងកំពុងតែទទួលការសង្គ្រោះបន្ទាន់នៅបន្ទប់ ICU។​ នេះបើតាមប្រភពព័ត៍មានពីសិល្បករកម្ពុជា។លោកតា​ពុយហ្សូ បាន​មក​សម្រាក​ព្យាបាល​​នៅមន្ទីរ​ពេទ្យរ៉ូយ៉ាល់ភ្នំពេញ​ប្រមាណ៤​ថ្ងៃមក​ហើយ ពោល​គឺចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ។ ហើយចំពោះអាការៈ គឺលោកតា ពុយហ្សូ ​មានអាការៈ ក្អក និងហត់ខ្លាំង មានពេល​ខ្លះក្អក​ដង្ហក់​​រហូត​ចង់ស្ទះម្ដងៗថែមទៀតផង ។ ហើយការណ៍ដែលធ្វើឱ្យតារាកំប្លែង ពុយហ្សូ ជា​ឪពុកធ្លាក់ខ្លួនក្នុងសភាពធ្ងន់ធ្ងរ និងត្រូវបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បែបនេះ គឺដោយ​សារ​តែ​លោកមានជំងឺ​រលាក​សួត និងរលាក​តម្រង​រោម ។ នេះបើតាមការបញ្ជាក់របស់កូនស្រីរបស់លោក គឺអ្នកនាង ស៊ូ វណ្ណថា។ក្នុងនោះ អ្នកនាង ស៊ូ វណ្ណថា បានបញ្ជាក់បន្ថែមទៀតថា កាលពីជាង១០ឆ្នាំមុន លោក ស៊ូ សាវ៉ាង ហៅតា ហ៊្វុយសូ ឪពុករបស់ខ្លួន ធ្លាប់មានជំងឺរបេងម្ដងរួចមកហើយ ក្រោយមកក៏ស្រាប់តែកើតជំងឺរលាកសួត និងរលាកតម្រងរោមនេះតែម្ដង ។ អ្នកនាង បន្តថា ឪពុករបស់​ខ្លួនពេល​នេះ គឺស្ថិត​ក្នុង​សភាព​​ធ្ងន់ធ្ងរ នៅមិនទាន់ដឹងថា​ពេល​ណា​​អាចចេញពីមន្ទីរពេទ្យបានឡើយ ហើយ​ក្រុម​គ្រូពេទ្យក៏​កំ​ពុង​​ពិនិត្យតាមដានបន្ត ។សូមបញ្ជាក់ផងដែរថា លោកតា ពុយហ្សូ គឺជាតារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ជាពិសេស​នៅ​ក្នុងទសវត្ស៩០ និង​២០០០ រហូតមកដល់ទល់នឹងធ្លាក់ខ្លួនឈឺនៅឆ្នាំ២០០៧ ។ លើស​ពីនេះ សិល្ប​ករ​ជើងចាស់រូបនេះ និងភរិយា បានចំណាយពេលវេលាកម្លាំង​កាយចិត្តជាច្រើន ​ដើម្បី​បណ្ដុះ​​បណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង និង​អ្នក​ស្រឡាញ់​សិល្បៈ​ដោយ​ពុំគិត​ការតប​ស្នងថែមទៀតផង។ក្នុងអំឡុងពេល ៣ឆ្នាំចុងក្រោយនេះ លោកតា ពុយហ្សូចាប់ផ្ដើមធ្លាក់ខ្លួនឈឺជំងឺជាច្រើនមុខក្នុងនោះក៏មានជំងឺបូសថ្លើមដែលជាជំងឺកាចសហាវនិងចំណាយច្រើនក្នុងការព្យាបាល។ ទោះបីជាយ៉ាងណា លោកបានជាសះស្បើយវិញ ក្រោមការព្យាបាលដោយមានការជ្រោមជ្រែងថវិការពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
លោកតា ពុយហ្សូ