ជាលើកដំបូង ក្រុមហ៊ុន Tesla បើកឲ្យរថយន្តអគ្គិសនីដទៃ អាចចូលមកសាកថ្មនៅទីតាំងរបស់ខ្លួនបាន

បរទេស៖ ក្រុមហ៊ុន Tesla កំពុងបើកបណ្ដាញសាកថ្មរបស់់ខ្លួន ទៅកាន់រថយន្តអគ្គិសនីផ្សេងទៀត ជាលើកដំបូង។ ក្រុមហ៊ុននេះមានទីតាំងសាកថ្មចំនួន២៥,០០០ ដែលធ្វើឲ្យវាក្លាយជាបណ្ដាញសាកថ្មធំបំផុត នៅលើពិភពលោក។ ក្រុមហ៊ុនផលិតរថយន្តដែលជាកម្មសិទ្ធិរបស់លោក Elon Musk សង្ឃឹមថា នឹងពង្រីកគម្រោងនេះនៅទូទាំងពិភពលោក។ អ្នកនាំពាក្យក្រុមហ៊ុន Tesla បាននិយាយថា វាតែងតែជាមហិច្ឆតារបស់យើង ក្នុងការបើកបណ្ដាញសាកថ្មទំនើបដល់រថយន្ត ដែលមិនមែនជាយានយន្តអគ្គិសនីរបស់ Tesla ហើយតាមរយៈការធ្វើដូច្នេះ បានលើកទឹកចិត្តអ្នកបើកបរឲ្យប្រើប្រាស់យានយន្តអគ្គិសនី។ ការបោះជំហានមួយនេះគាំទ្រដោយផ្ទាល់ដល់បេសកកម្មរបស់ក្រុមហ៊ុននេះ ក្នុងការពន្លឿនការផ្លាស់ប្ដូរពិភពលោក ទៅកាន់ថាមពលប្រកបដោយនិរន្តរភាព។ ឧបករណ៍សាកនឹងដំណើរការជាមួយរថយន្តអគ្គិសនី ដែលមានរន្ធសាកប្រព័ន្ធ CCS។ អ្នកបើកបរដែលមិនប្រើប្រាស់ផលិតផលរបស់ Tesla ហើយចង់ប្រើស្ថានីយសាកថ្ម នឹងត្រូវទាញយកកម្មវិធី និងបង្កើតគណនីមួយ។ បន្ទាប់មកអ្នកប្រើប្រាស់នឹងអាចស្វែងរកទីតាំង សម្រាប់អ្នកមិនបានប្រើប្រាស់ផលិតផលរបស់ Tesla។ ទោះជាយ៉ាងណាក៏ដោយ វាក៏នឹងមានការចំណាយបន្ថែម ចំពោះអ្នកដែលមិនមែនជាអតិថិជនរបស់ Tesla ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla បានលក់រថយន្តចំនួន២៤១,៣៩១គ្រឿង ក្នុងត្រីមាសទី៣នៃឆ្នាំ២០២១ ដែលបានជួយឲ្យខ្លួនសម្រេចបាននូវតម្លៃទីផ្សារ ចំនួន១ទ្រីលានដុល្លារ៕
ក្រុមហ៊ុនសង្ឃឹមថា នឹងពង្រីកគម្រោងនេះនៅទូទាំងពិភពលោក
ប្រភព: BBC