ពិបាកដែរ! Matic ប្រាប់ថា ២នាក់នេះមានគុណសម្បត្តិនៅ Man UTD ច្រើនណាស់ តែអ្នកគ្រប់គ្នាមិនដែលលើកសរសើរពីពួកគេសោះ

បរទេស៖ កីឡាករ Nemanja Matic បាននិយាយការពារមិត្តរួមក្រុមរបស់ខ្លួននៅ Manchester United, ដោយខ្សែបម្រើរូបនេះបានទទូចថា Fred និង Scott McTominay ពួកគេពិតជាបានចូលរួមចំណែកជួយក្រុម បិសាចក្រហមច្រើនណាស់, ប៉ុន្តែអ្នកគ្រប់គ្នាមិនដែលពោលពាក្យលើកសរសើរពីពួកគេឡើយ។
Fred និង Scott McTominay 
ជាការពិតណាស់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអសន្នលោក Ralf Rangnick, ពួកគេទាំង ៣ កំពុងតែប្រជែងគ្នាខ្លាំង ដើម្បីស្វែងរកកៅអីជម្រើស ១១ នាក់ដំបូងក្នុងនាមជាខ្សែបម្រើ, យ៉ាងណាមិញ កាលពីជំនាន់លោក Ole Gunnar Solskjaer ភាគច្រើនលោកតែងតែផ្តល់ឱកាសទៅឱ្យ Fred និង McTominay ជាង។
Nemanja Matic
កាលពីថ្ងៃ អាទិត្យ កន្លងទៅ Fred បានស៊ុតមួយគ្រាប់ពីលើដំបូលទូកយ៉ាងអស្ចារ្យជួយឱ្យ Man UTD យកឈ្នះទៅលើក្រុម Crystal Palace ក្នុងលទ្ធផល ១ ទល់នឹង ០។ ទោះបីជាខ្សែបម្រើសញ្ជាតិ ប្រេស៊ីល បង្ហាញថ្វីជើងល្អបែបនេះក្តី ក៏រូបគេមិនសូវទទួលបានសេចក្តីលើកសរសើរពីសំណាក់អ្នកគាំទ្រដែរ ផ្ទុយមកវិញនាពេលកន្លងមករូបគេតែងតែទទួលបានពាក្យរិៈគន់ពីមជ្ឍដ្ឋានខាងក្រៅ។
Nemanja Matic
ទាក់ទងនឹងរឿងខាងលើ Matic បានលើកឡើងយ៉ាងដូច្នេះថា៖ខ្ញុំគិតថាពួកគេគឺជាមនុស្សល្អ, ពួកគេកំពុងតែមានការផ្លាស់ប្តូរហើយ។ រាល់ប្រកួតពួកគេតែងតែចូលរួមចំណែកជួយក្រុមយ៉ាងច្រើន។ ពួកគេគឺពុំសូវទទួលបានពាក្យសរសើរពីមនុស្សខាងក្រៅឡើយ, ទោះបីជាពួកគេអាចស៊ុតបញ្ចូលទីក៏ដោយ។ ពួកគេមិនដែលទទួលបានការសរសើរ សមនឹងតម្លៃរបស់ពួកគេសោះ។ ឥឡូវនេះពួកគេកំពុងតែវិវឌ្ឍន៍ខ្លួនល្អទៅៗហើយ៕