រំជួលចិត្ត! ទោះក្រប៉ុនណា ក៏បុរសគ្មានផ្ទះសម្បែងរូបនេះ ទិញនំខេកធ្វើខួបឲ្យសុនខរបស់ខ្លួន (មានវីដេអូ)

  • ព្រហស្បតិ៍ ១៣ មករា, ២០២២ ១៤:១៨
កូឡុំប៊ី៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានវីដេអូឃ្លីបខ្លីមួយ ត្រូវបានថតឡើងដោយសកម្មជនសិទ្ធិមនុស្ស គឺលោក David Guerrero និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំងពីសំណាក់មហាជន ដែលបង្ហាញឲ្យឃើញពីបុរសជាជនអនាថាម្នាក់ បានធ្វើពិធីខួបកំណើតឲ្យសុនខរបស់ខ្លួនយ៉ាងសង្វេគ។ជាក់ស្ដែង តាមរយៈវីដេអូឃ្លីប យើងអាចមើលឃើញថា បុរសអនាថា បានពាក់នូវមួកខួបកំណើតចំនួនពីរ ទៅឲ្យសុនខរបស់គាត់ទាំងពីរក្បាល ខណៈកំពុងអង្គុយលើជណ្ដើរនៅទីសាធារណៈ ក្នុងទីក្រុង Bucaramanga នៃប្រទេសកូឡុំប៊ី។ បន្ទាប់មក គាត់បានបើកប្រអប់នំខេកតូចមួយ និងអុជទៀន ហើយច្រៀងបទចម្រៀងខួបកំណើតទៅកាន់សុនខយ៉ាងមានភាពរីករាយ។ ហើយចុងក្រោយ គាត់បានផ្លុំទៀន និងចាប់ថើបសុនខទាំងពីរក្បាល មុនពេលកាត់នំខេកឲ្យពួកវាស៊ី។បន្ថែមពីនេះទៀត យើងអាចសង្កេតឃើញថា បុរសអនាថាហាក់ដូចជាសម្រក់ទឹកភ្នែក និងព្យាយាមទប់ ហើយបានឱបសុនខម្ដងមួយក្បាលៗ ដែលពោរពេញដោយក្ដីស្រលាញ់ផងដែរ។យ៉ាងណាមិញ ក្រោយពីវីដេអូខាងលើ ទទួលបានភាពល្បីល្បាញ និងមានអ្នកចុចចូលទស្សនាជិតសែនដងរួចមក បុរសជាសកម្មជនសិទ្ធមនុស្ស បានទំនាក់ទំនងទៅបុរសអនាថា និងជួយស្វែងរកការងារឲ្យធ្វើ រួមទាំងរកកន្លែងស្នាក់នៅឲ្យ ជាមួយសុនខទាំងពីរក្បាលផងដែរ។ ហើយបុរសអនាថា បានប្រាប់អ្នកយកព័ត៌មានថា គាត់ចាត់ទុកសុនខទាំងពីរក្បាលដូចជាសមាជិកគ្រួសារអីចឹង៕ប្រភព: Worldofbuzzសូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖
រូបភាព
រូបភាព
រូបភាព