ភពផ្សេងៗមានរាងមូល ចម្លែកអីតែភពយក្សមួយនេះ ត្រូវបានតារាវិទូរកឃើញថា មានរាងទ្រវែងខុសគេ

បរទេស៖ នៅក្នុងការស្វែងរកភពដែលនៅហួសពីប្រព័ន្ធព្រះអាទិត្យរបស់យើង ក្រុមតារាវិទូបានរកឃើញភពយក្សមួយ ដែលមើលទៅមានរាងទ្រវែង ជាជាងមានរាងស្វ៊ែរ។ ភពនោះត្រូវបានគេឲ្យឈ្មោះថា WASP-103b ដែលជាភពមួយក្នុងចំណោមភពធំៗជាច្រើន។ ដោយស្ថិតនៅចម្ងាយប្រហែល១,២២៥ឆ្នាំពន្លឺពីផែនដី នៅក្នុងតារានិករ Hercules ភពនេះមានទំហំជិតពីរដងនៃភពព្រហស្បតិ៍។ ភពចម្លែកមួយនេះក៏នៅជិតផ្កាយរបស់វា ៥០ដងជាងផែនដីទៅកាន់ព្រះអាទិត្យ។ វាធ្វើដំណើរគោចរមួយជុំវិញផ្កាយរបស់វា ដោយប្រើរយៈពេលមិនដល់មួយថ្ងៃនៃផែនដីផង។ ភពមួយនេះត្រូវបានរកឃើញជាលើកដំបូង នៅក្នុងឆ្នាំ២០១៤ ហើយត្រូវបានសង្កេតឃើញដោយប្រើតេឡេទស្សន៍អវកាស Hubble និង Spitzer។ ក្រុមអ្នកស្រាវជ្រាវចង់ទទួលបានទិដ្ឋភាពមួយផ្សេងទៀត នៃភព WASP-103b ដោយប្រើផ្កាយរណប CHEOPS ឬបេសកកម្មរួមគ្នារបស់ប្រទេសស្វីស និងផ្កាយរណប CHaracterising ExOPlanet Satellite របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ដើម្បីបញ្ចូលគ្នាជាមួយនឹងការសង្កេតពីមុន។ ផ្កាយរណបនេះដែលបាញ់បង្ហោះនៅឆ្នាំ២០១៩ ស្វែងរកភពដែលអាចរស់នៅបាន។ វារកឃើញភពនានា ដោយប្រើវិធីសាស្ត្រភពធ្វើដំណើរចំពីមុខហើយបាំងពន្លឺផ្កាយរបស់វា។ នៅពេលដែលតារាវិទូបានសង្កេតមើល ភព WASP-103b ឆ្លងកាត់នៅពីមុខផ្កាយរបស់វា ពួកគាត់អាចឃើញថា វាមានរាងទ្រវែងយ៉ាងចម្លែក៕
ភពរាងទ្រវែងនេះនៅកៀកផ្កាយរបស់វា ៥០ដងជាងពីផែនដីទៅព្រះអាទិត្យទៅទៀត
ប្រភព: CNN