គ្រាន់តែ Android 12L Beta 2 ចេញភ្លាម ធ្វើឲ្យគេដឹងពីរូបរាង Pixel Fold របស់ Google បាត់

បរទេស៖ ពាក្យចចាមអារ៉ាមអំពីឧបករណ៍អេក្រង់បត់ Pixel របស់ Google បានលេចធ្លាយមួយរយៈនេះ។ ប៉ុន្តែក្រុមហ៊ុនកំពុងបង្ហាញពីភាពប្រសើរឡើង សម្រាប់ទូរសព្ទអេក្រង់បត់ នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12L ដែលបានផ្ដល់តម្រុយពីការមកដល់របស់ Pixel Fold។ ពាក្យចចាមអារ៉ាមកាលពីចុងឆ្នាំមុន ក៏បានអះអាងផងដែរថា ទូរសព្ទអេក្រង់បត់មួយនេះអាចនឹងមកដល់នៅក្នុងឆ្នាំ2022 ជាមួយនឹងការដំឡើងកាមេរ៉ាស្ទើរជាងសេរ៊ី Pixel 6។ ប្រព័ន្ធប្រតិបត្តិការ Android 12L beta ចុងក្រោយឥឡូវនេះ អាចបង្ហាញពីការរចនានិងបញ្ជាក់ថា ឧបករណ៍នេះនឹងប្រើបន្ទះឈីប GS101 Tensor ដែលបច្ចុប្បន្នកំពុងមាននៅក្នុងសេរ៊ី Pixel 6។ រូបភាពមានចលនាថ្មីដែលត្រូវបានគេឃើញមាននៅក្នុងកំណែ beta នេះ គឺសំដៅទៅលើកូដឈ្មោះ "Pipit" របស់ Pixel Fold និងបង្ហាញពីរបៀបបញ្ចូលស៊ីមកាត ឬប្រើ eSIM កំឡុងពេលការដំឡើងរៀបចំទូរសព្ទថ្មីដំបូង។ រូបភាពចលនាមួយបានបង្ហាញពីឧបករណ៍ ក្នុងស្ថានភាពបត់របស់វា ជាមួយនឹងគន្លឹះត្រចៀកនៅខាងឆ្វេង ប៊ូតុងសំឡេងនៅខាងស្ដាំ ហើយរន្ធដាក់ស៊ីមស្ថិតនៅផ្នែកខាងក្រោម។
រូបភាពចលនាបង្ហាញពី ឧបករណ៍កំពុងបត់អេក្រង់ ដែលឃើញមាននៅក្នុង Android 12L Beta 2
រូបភាពចលនាមួយទៀតបានបង្ហាញពីដំណើរការ បញ្ចូលស៊ីមដូចគ្នា ប៉ុន្តែជាមួយនឹងអេក្រង់លាតចេញ។ ដោយយោងទៅតាមរូបរាងរបស់ឧបករណ៍នៅក្នុងរូបភាពចលនាទាំងនេះ ក្រុមការងាររបស់គេហទំព័រ 9to5Google បានប៉ាន់ស្មានថា អេក្រង់ខាងក្នុងរបស់ទូរសព្ទអេក្រង់បត់ Google អាចនឹងប្រើខ្នាត 7:8។  នេះមានន័យថា វាអាចនឹងប្រើការរចនាខុសគ្នាពី Samsung Galaxy Z Fold3 ដែលប្រើខ្នាត 22.5:18 ខ្ពស់ជាង។ វាអាចនឹងមានភាពស្រដៀងគ្នា ទៅនឹង Oppo Find N ដែលប្រើខ្នាត 8.4:9។
រូបភាពចលនាបង្ហាញពី ឧបករណ៍កំពុងបើកអេក្រង់ ដែលឃើញមាននៅក្នុង Android 12L Beta 2
ព័ត៌មានទាំងអស់នេះគឺផ្អែកលើកំណែ beta របស់ Android 12L ដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ ដូច្នេះមានផ្នែកជាច្រើនដែលអាចផ្លាស់ប្ដូរបាន។ យ៉ាងណាក៏ដោយ រូបភាពមានចលនាទាំងនេះបានបន្ថែមភាពជឿជាក់ ដល់ពាក្យចចាមអារ៉ាមដែលថា Google កំពុងធ្វើការលើទូរសព្ទអេក្រង់បត់ Pixel Fold ដែលអាចបង្ហាញខ្លួននៅក្នុងឆ្នាំនេះ៕
រូបគំរូ Pixel Fold
ប្រភព: Android Police