គាំទ្រអត់? Puyol បកស្រាយចំៗបែបនេះ ជុំវិញមូលហេតុដែលមួយរយៈចុងក្រោយនេះ M10 និង CR7 ធ្លាក់ទម្រង់លេង

បរទេស៖ វីរៈបុរសរបស់ Barcelona លោក Carles Puyol បានមានប្រសាសន៍លើកឡើងអំពី Cristiano Ronaldo និង Lionel Messi ជុំវិញហេតុផលដែលមួយរយៈចុងក្រោយនេះពួកគាត់ហាក់ធ្លាក់ទម្រង់លេងគួរឱ្យសម្គាល់, ទោះបីយ៉ាងណាក៏ដោយអតីតខ្សែការពារឆ្នើមរបស់ អេស្ប៉ាញ ប្រាប់ថាលោកនៅតែគាំទ្រ និង ចាត់ទុកពួកគាត់ជាកីឡាករល្អដាច់គេនៅលើភពផែនដីយើងនេះដដែល។
   លោក Carles Puyol និង Ronaldo
ជាការពិតណាស់ នៅក្នុងអាជីពរបស់លោក Puyol លោកធ្លាប់លេងឱ្យ Barca តែមួយប៉ុណ្ណោះ, ទន្ទឹមនឹងនេះ ក្នុងការស្នាក់នៅទឹកដី Camp Nou លោកធ្លាប់ជាមិត្តរួមក្រុមដ៏យល់ចិត្តរបស់ Messi, ខណៈជាមួយ Ronaldo វិញពួកគេក៏បានលេងបាល់ទាត់នៅ ទឹកដីអេស្ប៉ាញជាមួយគ្នាផងដែរ ប៉ុន្តែក្នុងនាមជាគូប្រជែងដ៏ស្វិតស្វាញនៅលើវាលស្មៅ។
   លោក Carles Puyol និង Messi
គួរបញ្ជាក់ថា នៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញពី Barca ទៅចូលរួមជាមួយ Paris Saint-Germain, ចំណែកឯខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំវិញក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដូចគ្នា ក្រោយពេលគាត់សម្រេចចិត្តចាកចេញពី Juventus ទៅចូលរួមជាមួយ Manchester United ជាលើកទី ២។
   លោក Carles Puyol 
ក្រោយមួយរយៈចុងក្រោយនេះ មានអ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ជាច្រើនតែងតែធ្វើការរិៈគន់ទម្រង់លេងរបស់ខ្សែប្រយុទ្ធឆ្នើមទាំង ២, លោក Puyol បានចេញមុខបកស្រាយទៅវិញយ៉ាងដូច្នេះថា៖ខ្ញុំមិនមានការសោកស្តាយអ្វីឡើយ នៅពេលឃើញ Cristiano Ronaldo និង Lionel Messi ធ្លាក់ទម្រង់លេង។ ខ្ញុំគិតថា ពួកគេក៏ត្រូវការសម្រាកដែរ ព្រោះពួកគេមិនមែនជាមនុស្សយន្តឡើយ។... ឥឡូវនេះ ពួកគេកាន់តែចាស់ហើយ ពួកគេត្រូវការគិតគូខ្លាំងអំពីខ្លួនឯង, អ្នកអាចឃើញហើយ ថារាងកាយរបស់ពួកគេឥឡូវពិតជាផុយស្រួយ និងងាយរបួសខ្លាំងណាស់ ដូច្នេះពួកគេត្រូវប្រយ័ត្នមែនទែនជាមួយខ្សែការពារ ដោយសារពួកគេមិនចង់ឱ្យខ្លួនឯងត្រូវរងរបួសរយៈពេលវែង, ប្រាកដណាស់ អាយុប៉ុណ្ណេះនៅពេលរងរបួសគឺពិតជាពិបាកព្យាបាលខ្លាំងណាស់។ លោក Puyol បានបន្ថែមទៀតថា៖នៅអាយុ ៣៦ ឬ ៣៤ បែបនេះ កីឡាករមួយចំនួនបានត្រៀមខ្លួនរួចស្រេចហើយដើម្បីជួបជុំជាមួយគ្រួសាររបស់ពួកគេ, រីឯកីឡាករមួយចំនួនទៀតក៏បានផ្លាស់ទៅចិន ឬ សហរដ្ឋអាមេរិកបាត់ហើយ ក្នុងគោលបំណងលេងកែអផ្សុកសម្រាប់វិស្សមកាលរបស់ពួកគេ ឬក៏កីឡាករខ្លះទៀតបានចុះកុងត្រាលេងជាមួយក្លិបតូចៗវិញ ប៉ុន្តែពួកគេទាំង ២ នៅតែបង្ហាញទម្រង់ក្នុងកម្រិតល្អបំផុត តែផ្ទុយទៅវិញ ពួកគេនៅតែទទួលបានពាក្យរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ វាពិតជារឿងអាក្រក់ខ្លាំងណាស់...៕