អីយ៉ា! កម្មវិធី Instagram កំពុងធ្វើតេស្ដការអូសបែបបញ្ឈរថ្មី ក្នុងមុខងារ Stories របស់ខ្លួន

បរទេស៖ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ កម្មវិធី Instagram បានបញ្ជាក់ថា ខ្លួនកំពុងបង្កើតគំរូរចនាថ្មីសម្រាប់មុខងារ​ Stories ដោយការអូសបែបបញ្ឈរ ស្រដៀងទៅនឹងកម្មវិធីតិកតុក ប៉ុន្តែព៌ត៌មានលម្អិតនៅក្នុងពេលនោះមិនត្រូវបានគេដឹងនោះទេ។ ឥឡូវនេះ បណ្ដាញសង្គមមួយនេះទីបំផុតកំពុងធ្វើតេស្ដការរចនាថ្មីនេះ សម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ។ ដូចដែលបានកត់សម្គាល់ដោយអ្នកប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Matt Navarra បានបង្ហាញថា អ្នកប្រើប្រាស់មួយចំនួនស្ថិតនៅក្នុងប្រទេសទួរគី បានទទួលការអាប់ដេត Instagram ដែលមានការអូសបែបបញ្ឈរនៅក្នុង Stories។ ខណៈដែល Stories ច្រើននៅក្នុងគណនីមួយនៅតែអាចមើលបានដោយការអូសឆ្វេងស្ដាំ ការផ្លាស់ទៅកាន់ Stories របស់គណនីបន្ទាប់តម្រូវឲ្យមានការអូសចុះក្រោម។ អ្នកសារព័ត៌មានបច្ចេកវិទ្យា លោក Thássius Veloso ក៏ទទួលបានការអាប់ដេតដូចគ្នាដែរ នៅក្នុងប្រទេសប្រេស៊ីល ដែលវាបង្ហាញថា Instagram បាននឹងកំពុងដាក់ឲ្យដំណើរការ នូវការរចនាអូសបែបបញ្ឈរថ្មីនេះ ទៅកាន់ប្រទេសកាន់តែច្រើន។ កាលពីខែធ្នូ កម្មវិធី Instagram ក៏កំពុងធ្វើតេស្ដបង្កើនប្រវែងរយៈពេលសម្រាប់វីដេអូ នៅក្នុង Stories រហូតដល់៦០វិនាទី៕ ប្រភព: 9to5Mac