រំជួលចិត្ត! ទោះមកដល់ Aston, Coutinho នៅតែបន្តពាក់របស់មួយនេះ ដែលជាកាដូ Messi ឱ្យតាំងពី៣ឆ្នាំមុន

បរទេស៖ កីឡាករ Philippe Coutinho នៅតែបន្តពាក់ខ្សែដៃ ដែលជាការដូរបស់ Lionel Messi ផ្តល់ឱ្យគាត់តាំងពី ៣ ឆ្នាំមុន នៅពេលពួកគេក្លាយជាមិត្តរួមក្រុមនឹងគ្នានៅ Barcelona ដំបូង។
រម្លឹកថា ខ្សែដៃនេះ Messi ត្រូវបានផ្តល់ឱ្យដោយអ្នកកាសែតរួមសញ្ជាតិម្នាក់ដែលមានឈ្មោះថា Rama Pantarotto បន្ទាប់ពីគាត់មានភាពសោកសៅយ៉ាងខ្លាំង ដោយសារស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលកំលុងការប្រកួតដែលក្រុមជម្រើសជាតិ អាហ្សង់ទីន ស្មើគ្នា ១-១ ជាមួយក្រុម អ៊ីស្លង់ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨។
នៅពេល Messi ពាក់ខ្សែដៃនេះនៅក្នុងការប្រកួតទល់នឹងក្រុម នីហ្សេរីយ៉ា នៃវគ្គ ១៦ ក្រុមចុងក្រោយ, គាត់ក៏បានជួយឱ្យក្រុមពពកសឈ្នះការប្រកួត ហើយទទួលបានកៅអីឡើងទៅកាន់វគ្គ ១៦ ក្រុមជាបន្តទៀត, ចាប់ពីពេលនោះមកតារាឆ្នើមវ័យ ៣៤ ឆ្នាំក៏បានចាត់ទុកវត្ថុនោះជារបស់សំណាងប្រចាំខ្លួន។
លុះពេល Coutinho ផ្លាស់មកកាន់ Barca ហើយរូបគេបង្ហាញទម្រង់លេងមិនបានល្អ Messi ក៏បានប្រគល់ខ្សែដៃនេះបន្តទៅឱ្យខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល, មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ធ្លាប់បដិសេធមិនស៊ុតបាល់ពិន័យ ១១ ម៉ែត្រ និងបានផ្តល់ឱកាសនោះទៅឱ្យ Coutinho ទៀតផង ដើម្បីជួយឱ្យគេមានទឹកចិត្តកាន់តែខ្លាំងក្នុងការមកចូលរួមជាមួយក្រុមអ្នកមានបុណ្យ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទោះបីពេលនេះ Coutinho បានផ្លាស់ចេញពី Barca មកចូលរួមជាមួយ Aston Villa ទៅហើយក្តី, ក៏គេនៅតែប្រទះឃើញខ្សែប្រយុទ្ធរូបនេះបន្តពាក់ខ្សែដៃដែលជាការដូរបស់ Messi ដដែល, តាមមើលជាក់ស្តែង អតីតតារាឆ្នើមរបស់ Liverpool ពិតជាស្រឡាញ់ និងឱ្យតម្លៃចំពោះការដូរបស់ Messi មួយនេះខ្លាំងណាស់៕