ចិនផ្តល់ឱសថព្យាបាលជំងឺកូវីដ១៩ ជាង១តោន ដល់កម្ពុជា

  • សុក្រ ២៨ មករា, ២០២២ ១៥:៤៦
ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ឱសថព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង១តោន ដែលមានចំនួន២៣១កេស ទម្ងន់ ១១២៥គីឡូក្រាម ដល់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានីយ៍ទូរទស្សន៍ BTV។
ក្នុងពិធីប្រគល់-ទទួលខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុជា-ចិន ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ​ដើម្បីចាត់ចែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩ ​ ជាពិសេសក្នុងពេលដែលមានមេរោគបំប្លែងថ្មី អូមីក្រុងនេះ ​នាទីសី្តការក្រសួង ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។
ឯកឧត្តម វាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ-១៩ល្អប្រសើរ អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជាលំដាប់ឈានមុខគេ​ ក្នុងបណ្តាប្រទេសលើពិភពលោក។ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍​រីក​ចម្រើន នៅក្នុងវិស័យសេដ្ឋកិច្ច ​ត្រូវបានស្តារឡើងវិញជាលំដាប់ គឺប្រទេសចិន ដែល​ជាមិត្តដែក​ថែប​របស់កម្ពុជា ពិតជាមានទឹកចិត្តសប្បាយរីករាយមែនទែន។ ចាប់តាំង​ពី​ប្រទេសកម្ពុជា ​មាន​ករណី​ដំបូង​នៃមេរោគកូវីដ-១៩មក​ គឺភាគីចិន និងកម្ពុជា បាន​ជួយគ្នា​ទៅវិញទៅមកពួតដៃគ្នា។
ដោយ​មានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែល​មានក្រសួងសុខាភិបាល​ ជាសេនាធិការកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត ហោ ណាំហុង បានថ្លែងថា កម្ពុជា​បានទប់ស្កាត់ការរាតត្បាតនូវជំងឺកូវីដ-១៩ ព្រមទាំង​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ​ បានចំនួន៨៩,៦៦ភាគរយ។ ភាពជោគជ័យ​នៃការទប់ស្កាត់ជំងឺកូវី-១៩ នៅព្រះរាជាណាចក្រកម្ពុជា ក៏មានការរួមចំណែក​របស់​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ​នូវវ៉ាក់សាំងជាច្រើនលានដូសមកកម្ពុជា ព្រមទាំង​បរិក្ខារពេទ្យ​ទំនើបៗផ្សេងៗទៀតជាច្រើន៕