ទំពាំងបាយជូរខ្មៅ មិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើមួយប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍សម្បូរបែបដល់សុខភាព និងសម្រស់របស់យើងផងដែរ។ ពិតណាស់ ទំពាំងបាយជូរខ្មៅជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ព្រមទាំងផ្ទុកទៅដោយវីតាមីនA, B6, B12, C, E, ប៉ូតាស្យូម ជាតិដែក ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលចាំបាច់បំផុតចំពោះរាងកាយ។ទំពាំងបាយជូរខ្មៅផ្ទុកបរិមាណដ៏ច្រើននៃសារធាតុResveratrol និង quercetin ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺ
ក្រិនសរសៃឈាមបេះដូង ព្រមទាំងការពារប្រឆាំងនឹងការបំផ្លាញ ដែលបណ្ដាលមកពីកម្រិតខ្ពស់នៃកូលេស្តេរ៉ូលមិនល្អនៅក្នុងចរន្តឈាមបានយ៉ាងល្អ។ប្រសិនបើស្រីៗយើងតែងប្រឈមនឹងរោគសញ្ញាមុនពេលមករដូវ (PMS) ដូចជាប្រែប្រួលអារម្មណ៍ និងឈឺក្បាល ទំពាំងបាយជូរខ្មៅអាចដោះស្រាយបញ្ហាទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។ សារជាតិRiboflavin នៅក្នុងទំពាំងបាយជូរខ្មៅ មានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះអ្នកដែលជួបប្រទះអាការៈឈឺក្បាល ឬឈឺក្បាលប្រកាំងជាញឹកញាប់។យោងតាមការសិក្សាជាច្រើនបានបង្ហាញថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids ដែលមាននៅក្នុងទំពាំងបាយជូរខ្មៅ អាចការពារការផលិតរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើត
ជំងឺមហារីក។ ដូច្នេះហើយ ទំពាំងបាយជូរខ្មៅអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកមួយចំនួន ដោយសារតែមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុCarotenoids។ទន្ទឹមនឹងនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកប្រេងគ្រាប់ទំពាំងបាយជូរ ជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីនE ដែលអាចជួយថែទាំសុខភាពស្បែកក្បាល ដោយបង្កើនចរាចរឈាម ការពារសក់ជ្រុះ និងបែកចុង ព្រមទាំងបញ្ហាសក់ស្កូវមុនវ័យ។ ប្រេងនេះក៏ជួយជំរុញការលូតលាស់នៃសក់ និងមានប្រសិទ្ធភាពចំពោះអ្នកដែលប្រឈមនឹងបញ្ហា
ជ្រុះសក់ថែមទៀតផង។បន្ថែមពីនេះ ទំពាំងបាយជូរខ្មៅក៏ផ្ទុកវីតាមីនK ដែលជួយទ្រទ្រង់សុខភាពឆ្អឹង។ យោងតាមការសិក្សាមួយបានបង្ហាញថា ស្រីៗដែលខ្វះវីតាមីនK ប្រឈមនឹងហានិភ័យខ្ពស់នៃការបាក់ឆ្អឹងត្រគាក។ ហេតុនេះហើយ ស្រីៗយើងគប្បីញ៉ាំទំពាំងបាយជូរខ្មៅឲ្យបានច្រើន ទើបជាការប្រសើរ។ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet