បរទេស៖ ក្លិប Liverpool ជិតចុះកុងត្រាយកបានខ្សែប្រយុទ្ធស្លាប
Luis Diaz ពីក្រុម Porto ហើយ, ខណៈក្លិបយក្សនៅ Premier League ត្រូវបានគេដឹងថាត្រៀមចាយលុយចំនួន ៣៧.៥ លានផោន ឬប្រមាណជា (៥០
លានដុល្លាអាមេរិក) ដើម្បីផ្ទេរយកកីឡាករខាងលើ។

បន្ទាប់ពីរកបាន ២០
គ្រាប់នៅរដូវកាលនេះទាំងនៅក្លិប និងជម្រើសជាតិ, បានធ្វើឱ្យក្លិបធំៗនៅ Premier League ចាប់អារម្មណ៍ចង់បានរូបគេយ៉ាងខ្លាំង
ក្នុងនោះមាន Manchester United និង Tottenham
Hotspur ជាដើម, ប៉ុន្តែឥឡូវត្រូវបានគេមើលឃើញថាក្រុមរបស់លោក
Jurgen Klopp ហាក់មានភាគរយនឹងយកបានរូបគេច្រើនជាង
ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខ។

Diaz បានសារភាពត្រង់ៗថា គាត់ចង់ទៅលេងតែជាមួយក្លិប
Liverpool មួយប៉ុណ្ណោះ, ហើយយោងតាមការចុះផ្សាយរបស់កាសែត
The Mirror បានឱ្យដឹងថា តម្លៃរបស់ខ្សែប្រយុទ្ធស្លាបវ័យ
២៥ ឆ្នាំពេលនេះបានទម្លាក់តម្លៃនៅសល់ ៣៧.៥ លានផោន ឬប្រមាណជា (៥០ លានដុល្លាអាមេរិក)
អមជាមួយប្រាក់បន្ថែមចំនួន ១២. ៥ លានផោន ឬប្រមាណជា (១៦.៧ លានដុល្លាអាមេរិក),
ក្នុងនោះដែរ ក្លិបហង្សក្រហមកំពុងតែពន្លឿនការចរចា ដើម្បីធ្វើការប្រកាសផ្លូវការឱ្យបានមុនចុងសប្តាហ៍នេះ៕