ការសិក្សា៖ គេងយប់បាន ៧ម៉ោងល្អសម្រាប់មនុស្សវ័យកណ្ដាល និងចំណាស់!

តាមការសិក្សាថ្មីបានបង្ហាញថា ការគេងនៅពេលយប់ឲ្យបានត្រឹមតែ៧ម៉ោង មិនច្រើនពេក មិនតិចពេក គឺជាទម្លាប់ល្អសម្រាប់មនុស្សវ័យកណ្ដាល និងចំណាស់។ បើចំពោះការគេងច្រើនពេក ឬតិចពេកក៏អាចប៉ះពាល់ទៅដល់ ផ្នែកស្មារតី និងសមត្ថភាពយល់ដឹងរបស់ខួរក្បាលផងដែរ។ គេងត្រឹមរយៈពេល ៧ម៉ោង អាចមានផលប្រយោជន៍​ច្រើនដល់ស្មារតី ភាពយល់ដឹងនៃខួរក្បាល នេះបើយោងតាមការពិសោធន៍កន្លងមកលើប្រភេទមនុស្សដែលធ្លាប់មានបទពិសោធន៍ គេងច្រើនជ្រុល តិចជ្រុល មានឥរិយាបថ មួម៉ៅក្ដៅក្រហាយ និង បាក់ទឹកចិត្ដ។លោកសាស្ដ្រាចារ្យ Jianfeng Feng នៅសាកលវិទ្យល័យប្រទេសចិន ជាសមាជិកមួយរូបដឹកនាំគម្រោងសិក្សាស្រាវជា្រវមួយនេះ មានប្រសាសន៍ថា ការគេងតិចជាង ឬច្រើនជាង៧ម៉ោង គឺអាចប៉ះពាល់ទៅដល់គុណភាពនៃការយល់ដឹងរបស់ខួរក្បាល​ ដែល​ លទ្ធផលសិក្សានេះគឺធ្វើឡើងអស់រយៈពេលជា​ច្រើន​ឆ្នាំ។ ថ្វីដ្បិតតែយើងមិនអាចកំណត់ជាក់លាក់ ថាតើការគេងដែលតិចបំផុតកម្រិតណា ឬច្រើនបំផុតកម្រិតណា ហើយអាចប៉ះពាល់ខ្លាំងកម្រិត​ណានៃសមត្ថភាពនៃខួរក្បាលនោះមែន តែយើងក៏អាចបញ្ជាក់បានថាការគេងដែលល្អសម្រាប់សុខភាពខួរក្បាល​គឺ៧ម៉ោង។  ការសិក្សានេះ ក៏បានងាកទៅរកមូលហេតុមួយចំនួនដែលមនុស្សភាគច្រើនជួបប្រទះ ដូចជាការ គេងភ្ញាក់ៗពេល​យប់ និង ការគេងមិនលក់ ព្រោះក៏ជាមូលហេតុធ្វើឲ្យមនុស្សម្នាក់ៗមិនអាចគេងបានគ្រប់គ្រាន់ ឬក៏អាចចំណាយពេលគេងយូរជាងធម្មតាផងដែរ។ ដូច្នេះបើចំពោះមនុស្សចាស់ ការគេងដែលមានការភ្ញាក់ច្រើនពេលយប់ គឺជារឿង​មួយដែលស្ថិតក្នុងភាពស្មុគស្មាញ មិនអាចកំណត់ច្បាស់នោះទេ ព្រោះអាចមានការពាក់ព័ន្ធជាមួយ ហ្សែន របប​អាហារ និងរចនាសម្ព័ន្ធនៃខួរក្បាលរបស់អ្នក​ទាំង​នោះ​។  របាយការណ៍សិក្សាអំពីទម្លាប់នៃការគេងភ្ញាក់ពេលយប់ ទទួលបានពីប្រទេសចិន និងអង់គ្លេសសិក្សាលើបេក្ខជនសរុប ៥០ម៉ឺននាក់វ័យចន្លោះពី ៣៨ទៅ៧៣ឆ្នាំ ដោយផ្តោតសំខាន់លើ របៀបនៃការគេង សុខភាពស្មារតី និង ធ្វើតេស្ដ​ទៅលើគុណភាពយល់ដឹងនៃខួរក្បាល។ លទ្ធផលបង្ហាញមានបេក្ខជន ៤ម៉ឹននាក់ជួបបញ្ហាគេងភ្ញាក់ៗ ដែលមានពាក់ព័ន្ធជាមួយនឹងការចងចាំរូបភាពដក់ជាប់ខួរក្បាល និងទិន្ន័យពាក់ព័ន្ធជាមួយហ្សែន។ទន្ទឹមគ្នានោះលោកសាស្ដ្រាចារ្យ Russell Foster នៅសាកលវិទ្យល័យ Oxford ក៏បានបង្ហាញមតិខ្លះអំពីការកំណត់ពេលវេលា គេងក្នុងចំនួន៧ម៉ោងសម្រាប់សុខភាពខួរក្បាល ដោយឡែកលោកចង់បញ្ជាក់ថា គុណភាពនៃការគេង ៧ម៉ោងក៏មានភាពខុសគ្នា ដែលការគេង៧ម៉ោងខ្លះមានភាពស្ងប់ និង ៧ម៉ោងខ្លះមិនស្ងប់ ហេតុដូច្នេះការសិក្សាមួយមិនអាចគ្រប់គ្រាន់សម្រាប់មនុស្សទូទៅបានទេ។ ការគេងដែលល្អគឺ យើងត្រូវដឹងពីតម្រូវការជាក់ស្ដែងនៃរាងកាយរបស់យើង ថារយៈពេលប៉ុន្មានដែលខ្លួនប្រាណយើងត្រូវការគេងឲ្យគ្រប់គ្រាន់។ មនុស្សគ្រប់រូបមានទម្លាប់នៃការគេងខុសៗគ្នា មានខ្លះគេងភ្ញាក់ច្រើន មានខ្លះគេងមិនភ្ញាក់ គឺជាទម្លាប់នៃការគេងពួកគេ ជាពិសេសភាព​ខុសគ្នានៃមនុស្សវ័យកណ្ដាល និងវ័យចំណាស់។ជាក់ស្ដែងបើគិតទៅដល់ការកំណត់ពេលវេលាសម្រាប់ការគេងដែលត្រឹមត្រូវ កន្លងមកអ្នកស្រី Michelle Drerup អ្នកជំនាញផ្នែកសុខភាព នៃការគេង​ធ្លាប់មានប្រសាសន៍ថា អ្នកគ្រប់គ្នាតែងតែមានអារម្មណ៍ស្រស់ស្រាយ មានការចងចាំល្អប្រសិនបើគេងបានគ្រប់គ្រាន់ ព្រោះការគេងគ្រប់គ្រាន់ គឺជាថាមពលសំខាន់ដែលខួរក្បាលមិនអាចខ្វះបាន។ អ្នកស្រីបានណែរនាំពីរយៈពេលនៃការគេង ដោយចាត់ថ្នាក់ពីអាយុពី ១៨ទៅ៦៤ ឆ្នាំ គួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៩ ម៉ោង និង វ័យ៦៥ឆ្នាំគួរតែគេងឲ្យបានយ៉ាងហោចចន្លោះពី៧ ទៅ ៨ ម៉ោងទើប​ខួរក្បាលមានសុខភាពល្អ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet