SNSD លុបកាលវិភាគចោលអស់ ដោយសារសមាជិកម្នាក់មានបញ្ហា​ …

កូរ៉េខាងត្បូង៖ បើយោងតាម My Daily បានរាយការណ៍ថា SNSD បានលុបចោលកាលវិភាគឡើងឆាកតន្ត្រី បន្ទាប់ពីសមាជិកម្នាក់គឺ Seo Hyun បានរកឃើញថាឆ្លង ជំងឺកូវីដ-១៩។ក្នុងនោះ Seo Hyun ត្រូវ​បាន​គេ​បញ្ជាក់​ថា​មាន Positive ​មេរោគនេះ ​កាលពី​ថ្ងៃ​ទី ៩ ខែ​សីហា ហើយ​ក៏កំពុង​បញ្ឈប់​រាល់​សកម្មភាពក្រុម ​ដើម្បី​សម្រាកព្យាបាលខ្លួនផងដែរ។ ដូច្នេះហើយ SNSD ត្រូវលុបចោលការសម្តែងដែលបានកំណត់តាមពេលទាំងអស់ ដូចជាកម្មវិធី M Countdown របស់ Mnet នៅថ្ងៃទី ១១ ខែសីហា និង Inkigayo (SBS) នៅថ្ងៃទី ១៤ ខែសីហាជាដើម។ ហើយព័ត៌មានខាងលើនេះ ធ្វើឲ្យអ្នកគាំទ្រសោកស្ដាយ ព្រោះថា SNSD មិនបានសម្តែងរួមគ្នាលើឆាកតន្ត្រីអស់រយៈពេល ៥ឆ្នាំមកហើយ។
Seo Hyun
នៅលើគណនីបណ្ដាញសង្គមផ្ទាល់ខ្លួន Seo Hyun នាងក៏បានសុំទោសអ្នកគាំទ្រ ដោយបានសរសេរថា៖ SONEs (ឈ្មោះអ្នកគាំទ្ររបស់ SNSD) ច្បាស់ជាបានរង់ចាំការផ្សព្វផ្សាយរបស់យើងជាយូរមកហើយ។ ខ្ញុំសុំទោស។ ខ្ញុំមានសុខភាពល្អ ដូច្នេះខ្ញុំមិនគិតទេថាខ្ញុំមាន ជំងឺកូវីដ-១៩ ទេ។ ប៉ុន្តែចុងក្រោយ ខ្ញុំ​នៅតែ​ឆ្លង​មេរោគ​នេះ ហើយ​មាន​អារម្មណ៍​ខក​ចិត្ត និង​សោក​ស្តាយ​ចំពោះ​វា។ ខ្ញុំ​នឹង​ជា​សះស្បើយ​​ឆាប់ៗនេះ ហើយ​សង្ឃឹម​ថា​នឹង​បាន​សម្តែង​ក្នុង​កម្មវិធី​តន្ត្រី​ក្នុង​ពេល​ឆាប់ៗ​នេះផងដែរ។គួររំឮកផងដែរថា កាលពីថ្ងៃទី ៥ ខែសីហា SNSD បានត្រលប់មកវិញជាផ្លូវការ ជាមួយនឹងអាល់ប៊ុមស្ទូឌីយោទី ៧ ដែលមានចំណងជើងថា Forever 1 និងបទចម្រៀងដែលមានចំណងជើងដូចគ្នា។ នេះ​ជា​ការ​ផ្សព្វផ្សាយ​លើក​ដំបូង​របស់​ក្រុម​ បន្ទាប់​ពី​បាត់​មុខ​អស់​ជាង ៥ ឆ្នាំ។ Forever 1 ក៏ជាអាល់ប៊ុមសម្រាប់អបអរគម្រប់ខួប ១៥ ឆ្នាំរបស់ SNSD ផងដែរ៕ប្រភព៖ zingnews
SNSD