តំបន់រមណីយដ្ឋានអង្គរ នៅតែជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ សម្រាប់​ភ្ញៀវទេសចរ

  • សុក្រ ១២ សីហា, ២០២២ ១៥:២១
សៀមរាប៖ តំបន់រមណីយដ្ឋានអង្គរនៅតែជាគោលដៅទេសចរណ៍ដ៏ចម្បងមួយសម្រាប់អ្នកទេស ចរជាតិ និងអន្តរជាតិ ព្រោះថាចំនួនភ្ញៀវចូលមកទស្សនា តំបន់អង្គរ មានកំណើនឡើង វិញបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ។ 
រូបភាព
ថ្លែងក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារ ព័ត៌មាន កាលពីរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ លោកឡុង កុសល អគ្គនា យករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ថា ការផ្ទុះឡើងនូវជំងឺកូវីដ១៩ រយៈពេល២ឆ្នាំកន្លងទៅ ធ្វើឱ្យតំបន់រមណីយ ដ្ឋានអង្គរ ដែលពីមុនមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ចូលមកទស្សនាមិន ចេះដាច់ បានប្រែទៅជាស្ងាត់ ជ្រងំស្ទើរតែគ្មានមនុស្សចូលមកទស្សនា ប៉ុន្តែក្រោយពេលស្ថានភាពនៃជំងឺនេះ បានស្រាកស្រាន្តបន្តិចមកនោះ តំបន់រមណីយដ្ឋានអង្គរ នៅ តែជាគោលដៅទេសចរណ៍ដ៏ចម្បងមួយ សម្រាប់ភ្ញៀវទេស ចរចូលមកទស្សនាកម្សាន្តជាបន្តបន្ទាប់ ក្នុងនោះសម្រាប់ភ្ញៀវទេសចរបរទេសវិញ ដោយរយៈពេល៧ខែដើម ឆ្នាំ ២០២២នេះ មានចំនួនប្រមាណ៩ម៉ឺននាក់។
រូបភាព
លោកបន្តទៀតថា ដើម្បីឱ្យមានភាពប្រក្រតីលើវិស័យទេសចរណ៍ឡើងវិញនៅក្នុងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ រួមជាមួយស្ថាប័នពាក់ព័ន្ធទាំង អស់ បានខិតខំយ៉ាងខ្លាំងដើម្បីឱ្យវិស័យទេសចរណ៍ងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងនោះការបង្កើនចំនួនភ្ញៀវទេសចរផ្ទៃក្នុងជាគោលដៅចម្បង បន្ទាប់មកគឺជំរុញចំនួនភ្ញៀវទេសចរអន្តរជាតិឡើង វិញ តាមរយៈគ្រឹះស្ថានអង្គរដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវគោលនយោ បាយមួយ ដែលជំរុញឱ្យមានការចូលទស្សនា រមណីយដ្ឋានអង្គរកាន់តែច្រើន គឺការលើកទឹកចិត្ត តាមរយៈការពន្យារសុពល ភាពសំបុត្រនៃការចូលទស្ស នារបស់ភ្ញៀវទេសចរបរទេស ដោយភ្ញៀវទិញសំបុត្រចូលទស្សនាតែមួយថ្ងៃ អាចទស្ស នាបានពីរថ្ងៃ មានសុពលភាពចំនួន៥ថ្ងៃ សម្រាប់ភ្ញៀវទិញសំបុត្រចូលទស្សនាចំនួន៣ ថ្ងៃ គាត់អាចចូលទស្សនាបាន៥ថ្ងៃ មានសុពលភាពរហូតដល់១០ថ្ងៃជាដើម ហើយក៏នឹងមានគោលនយោ បាយថ្មីៗបន្ថែមទៀត ដែលនឹងជូនដំណឹងក្នុងពេលឆាប់ៗខាងមុខនេះសម្រាប់ភ្ញៀវទេស ចរបរទេស ដែលមានបំណងមកទស្សនានៅរមណីយដ្ឋានអង្គរ។ 
រូបភាព
មានគោលនយោ បាយថ្មីៗបន្ថែមទៀត តែក្នុងពេលនេះខ្ញុំមិនអាចជម្រាបបានទេ តែយើងនឹងអាចទទួលបាននូវព័ត៌មាននេះឆាប់ៗ ជាពិសេសលើកទឹកចិត្តទៅ ដល់ភ្ញៀវទេសចរបរទេស បងប្អូនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជាយើង រយៈ ពេល០២ឆ្នាំ លើសពី២ឆ្នាំឡើងទៅ យើងនឹងមានព័ត៌ មានដ៏ល្អជូនគាត់ក្នុងពេលឆាប់ៗខាងមុខ ជាពិសេសលទ្ធភាពក្នុងការចូលមកទស្សនានៅក្នុងរមណីយដ្ឋានអង្គរនេះ។ សូមជម្រាបផងដែរថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ តំបន់អង្គរ បានទាក់ទាញទេសចរបរទេសចំនួន ៩ ម៉ឺននាក់ និង ទេសចរជាតិចំនួនប្រមាណ៣លាននាក់៕
រូបភាព៖ Cr Hong Sam Art
រូបភាព៖ Cr Hong Sam Art
រូបភាព៖ Cr Hong Sam Art
ប្រភព៖ ក្រសួងព័ត៌មាន