មុខម្ហូបមួយនេះ ប្រជាជនខ្មែរ នៅតែជឿ ហើយក៏ត្រូវតែធ្វើ ក្នុងពេលភ្ជុំបិណ្ឌ

បុណ្យភ្ជំុបិណ្ឌ គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា «ពិធីសែនដូនតា»  ដែលមានប្រវត្តិតាំងពី សម័យមុនអង្គរមកម៉្លេះ ដែលជួបប្រទះនៅសិលាចរឹក ចារឹកនៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យព្រះកឹង មានន័យថា ព្រះភូមិ ឬ យមទូត ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។
រូបភាព
ជាមួយគ្នានេះ ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង។
រូបភាព
ក្នុងនោះផងដែរ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មិន​ដែល​រំលង​ឡើយក្នុងការរៀបចំចម្អិនម្ហូប ផ្សេងៗដើម្បីជាចង្ហាន់​យកទៅ​វត្ត​នា​រដូវ​ភ្ជុំបិណ្ឌ។ ដោយឡែក​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ ​ពុទ្ធសាសនិក​ខ្មែរ​តែង​មាន​ជំនឿ​លើ​មុខ​ម្ហូប​មួយ​មុខ ​ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​បុណ្យ​ភ្ជុំបិណ្ឌ​ ជា​ពិសេស​គឺ​ពពួក​ប្រេត​តែ​ម្ដង។ ពោល គឺ ឆាមីសួរ​ ជាមុខម្ហូបមួយ​ស្រួល​ធ្វើ​និង​រហ័ស​មិន​សាំ​ញាំ​ច្រើន​ដូច​ម្ហូប​ដទៃ​ទៀត​ ម្ហូប​មួយ​នេះ​ មាន​ប្រវត្តិ​ចាក់ស្រេះ ​និង​ជំនឿ​ដ៏​យូរលង់​ណាស់​មក​ហើយ។ បើ​តាម​ការ​រៀបរាប់​ពី​ចាស់ៗ ​ក្នុង​ផ្ទះ​និងនៅតាមវត្តអារាមបាន​មាន​ប្រសាសន៍​ថា​ ឆា​មី​សួរ​ជា​ម្ហូប​ដែល​ពពួកប្រេត​អាច​ហូប​បាន​ជាង​ម្ហូប​ណា​ទាំងអស់។ ដោយសារ​ប្រេត​ខ្លះ​ មាន​មាត់​តូច​ជាង​ម្ជុល ​មិន​អាច​បរិភោគ​ម្ហូប​អាហារ​បានតាមចិត្តដូចប្រេតផ្សេងៗបាន​ទេ មូលហេតុក៏ដោយសារប្រេតនេះមានកម្មក្រាស់ជាងប្រេតផ្សេង ទើបតម្រូវឲ្យមានតូចជាម្ជុល ពិបាកហូប ពិបាកផឹកទឹក និងពិបាកដកដង្ហើមជាងគេ។ ដូចនេះ​ហើយ ​ទើប​កូន​ចៅ​ស្រករៗក្រោយ​ ដែល​មាន​ជំនឿ​ជាប់ ​តែង​និយម​ធ្វើ​ឆាមី​សួរ​ទៅ​វត្ត​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​មួយ ​មិនដែល​អាក់ខានឡើយ។ ​ជាពិសេស ដើម្បី​បានប្រគេន​ទៅ​ដល់ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ និង​ជឿ​ថា​ ម្ហូប​ពិសេស​នេះ​ នឹង​អាច​ទៅ​ដល់​ដូនតា​ពួកគេ​ ដែល​មិន​ដឹង​ថា​ទៅ​កើត​ជា​អ្វី​ឬ​យ៉ាងណា​នោះ​ទេ។
យ៉ាងណាមិញ បើ​តាម​ល្បើក​ប្រេត​របស់​លោក សុង ស៊ីវ បាន​បញ្ជាក់​ថា ​ប្រេត​ក្នុង​លោក​នេះ​មាន​ចំនួន ១២ ប្រភេទ ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុល​ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាស់ចោទ​ដូចជើងភ្នំ សក់ក្បាល​ពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេត​នេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះ​តែ​រស់នៅ​ដោយ​ផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ៕