​ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបាន​លឿនជាងផែនការគ្រោងទុក រហូតដល់ទៅ​៨ខែ ​

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ០៩:៤០
ព្រះសីហនុ៖ ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់ទៅ៨ខែ ហើយការងារដែលនៅសេសសល់មួយចំនួន នឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាច្រើន ដែលបាននិងកំពុងសិក្សារួមមានដូចជា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ជាដើម។ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ​​បន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើ ផែនការមេឱ្យក្រុងព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគិនបង្កើតរោងចក្រឧស្សាហកម្ម និងដើម្បីបម្រើដល់វិស័យទេសចរណ៍ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែជាដើម ធ្វើយ៉ាងណាឱ្យការដឹកទំនិញ របស់យើងអាចប្រកួតប្រជែង និងទាក់ទាញវិនិយោគបាន។ឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួន ដែលតែងតែលើកឡើងថា ការប្រើប្រាស់ប្រាក់កម្ចីសម្រាប់កសាង ប្រទេសធ្វើឱ្យប្រទេសធ្លាក់ជាប់ក្នុងអន្ទាក់បំណុល និងភាពក្រីក្រដោះខ្លួនមិនរួចទៅថ្ងៃអនាគតនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បំណុលជាតិរបស់ប្រទេសមួយ អាចមានហានិភ័យចាប់ពីទំហំបំណុល របស់ខ្លួនកើនឡើងលើសពី៤០%នៃផលិតផលក្នុងស្រុកសរុប (GDP)។ ដោយឡែក បំណុលរបស់កម្ពុជាសព្វថ្ងៃនេះ មិនទាន់ឈានដល់៣០%នៅឡើយទេ ដោយសារកម្ពុជាចេះគ្រប់គ្រងបំណុល របស់ខ្លួនឱ្យនៅក្នុងកម្រិត មួយដែលអាចយើងគ្រប់គ្រងបាន ពោលគឺ៖ មុននឹងកម្ពុជាខ្ចីថវិកាគេមកអភិវឌ្ឍអ្វីមួយកម្ពុជា យើងបានគិតគូរយ៉ាងម៉ត់ចត់ទៅលើផលចំណេញ ឬខាតនៅក្នុងគម្រោងអភិវឌ្ឍន៍នោះ រួចទៅហើយ។សូមជម្រាបជូនថា បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូង បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេសចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕