ភ្លៀងធ្លាក់ជាប់ៗគ្នា​ ​បង្កឲ្យជន់លិច​ ប៉ះពាល់​ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជនមួយចំនួន នៅផ្សារបំណក់ ​ខេត្តពោធិ៍សាត់

  • ព្រហស្បតិ៍ ២២ កញ្ញា, ២០២២ ១៣:៤៣
ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នា២ថ្ងៃ បានបង្កឲ្យជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ និងបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវរថភ្លើង រួមទាំងផ្លូវទីប្រជុំជនមួយចំនួន ផ្សារបំណក់ ក្នុងឃុំឈើតុំ ខេត្តពោធិ៍សាត់។ យ៉ាងណាមិញ ​បច្ចុប្បន្នជំនន់ទឹកភ្លៀង បាននឹងកំពុងស្រកជាបណ្តើៗហើយ។គួរឱ្យដឹងដែរថា​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ​ចាប់ពីថ្ងៃទី​ ​​២១-២៧ ខែកញ្ញា ឆ្នាំ២០២២ ​​ដោយបញ្ជាក់ថា កម្ពុជាអាចនឹងបន្តមានភ្លៀងធ្លាក់ ​លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ​​ក្នុងនោះ ក្រសួងក៏បានអំពាវនាវឱ្យអាជ្ញាធរដែនដី និងសាធារណជន​ និងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ ដែលអាចកើតមកពីបរិមាណ​ភ្លៀងច្រើនហួសកម្រិត (Overflow) និង​ជំនន់ទឹកភ្លៀង (Flash Flood) ដែលនឹងបន្តធ្លាក់បន្ថែមថ្មីផ្ទួនៗទៀត ជាពិសេសនៅក្នុងភូមិសាស្ត្រនៃតំបន់ជាប់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្ត្រជាប់ព្រំដែនថៃ៕